|
ក.សេចក្តីផ្តើម
សាកលវិទ្យាល័យមេគង្គកម្ពុជាគឺជាសាកលវិទ្យាល័យទី១ដែលនាំយកមកនូវវិធីសាស្ត្រអប់រំកម្រិត អន្តរជាតិមកកម្ពុជា ដើម្បីជួយអភិវឌ្ឍជាតិ និង ប្រកួតប្រជែងលើទីផ្សារ ពលកម្មអន្តរជាតិ សាកលវិទ្យាល័យមេគង្គកម្ពុជា មានជំនឿយ៉ាងមុតមាំថា និស្សិតខ្មែរពិតជាមាន សមត្ថភាពអាចរៀនបាន តាមកម្មវិធីស្តង់ដារអន្តរជាតិ ដូច្នេះហើយ និស្សិតដែលរៀននៅ សាកលវិទ្យាល័យមេគង្គកម្ពជា ពួកគេនឹងមានឱកាសទទួលបាន នូវការសិក្សា ដែលមានគុណភាព តាមស្តង់ដារអន្តរជាតិ។ ឯកសារ សម្ភារៈ ឬ ឧករណ៍សិក្សា កម្មវិធីសិក្សា វិធីសាស្រ្តរៀន និង បង្រៀនដែលនិស្សិតនៅបរទេសបានរៀន ហើយមានសមត្ថភាព អាចរកការងារនៅជុំវិញ ពិភពលោក ត្រូវបានយកមកអនុវត្តនៅ សាកវិទ្យាល័យមេគង្គកម្ពុជា។ ក្នុងដំណើរការជ្រើសរើស និស្សិតឱ្យចូលរៀន ឆ្នាំសិក្សាមូលដ្ឋាន ក្រៅពីការផ្សព្វផ្សាយជា សាធារណៈតាម វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និង ការចុះផ្សព្វផ្សាយផ្ទាល់ សាកលវិទ្យាល័យមេគង្គកម្ពុជា តែងតែធ្វើសិក្ខាសិលា ពិសេសស្តីពីកម្មវិធីសិក្សា ដើម្បីផ្តល់ឱកាសឱ្យ និស្សិត អាណាព្យាល និង អ្នកស្រលាញ់ការសិក្សាទាំងអស់ មានឱកាសស្វែងយល់ពី ប្រព័ន្ធនៃការអប់រំនៅ សាកលវិទ្យាល័យមេគង្គកម្ពុជា លើសពីនេះទៀត សាកលវិទ្យាល័យ ក៏តែងតែធ្វើសកម្មភាព សំខាន់ៗមួយចំនួន ក្នុងដំណើរជ្រើសរើសនិស្សិតសម្រាប់ ឆ្នាំសិក្សា មូលដ្ឋាននីមួយៗ ដូចខាង ក្រោម៖
ខ.ដំណើរការជ្រើសរើស
១.ការប្រឡងជ្រើសរើសនិស្សិតអាហាររូបករណ៍ប្រចាំឆ្នាំ
សាកលវិទ្យាល័យមេគង្គកម្ពុជាបានយកចិត្តទុកដាក់ក្នុងការជួយអភិវឌ្ឍសង្គម និង ប្រទេសជាតិ ហើយតែងតែធ្វើការប្រឡងជ្រើស រើសនិស្សិតអាហាររូបករណ៍ជារៀងរាល់ឆ្នាំតាមចំនួន និង លទ្ធផលជាក់ស្តែង ក្នុងឆ្នាំសិក្សានិមួយៗ អាហាររូបករណ៍នេះដើម្បីជួយសម្រួលឱ្យ សិស្ស និស្សិតខ្មែរ មានឱកាសច្រើនចូលរៀននៅ កម្រិតសាកលវិទ្យាល័យ ជាពិសេសអ្នករៀនពូកែ ហើយក្នុងនោះ អាទិភាពក៏ត្រូវបានផ្តល់ជូនផងដែរដល់ សិស្ស និស្សិត ដែលមានស្ថានភាពគ្រួសារក្រីក្រ ជនជាតិភាគតិច មកពីតំបន់ដាច់ស្រយាល និង ជានារីភេទ។ បេក្ខជនទាំងអស់ត្រូវបំពេញនូវបែបបទ របស់សាកលវិទ្យាល័យមុនពេលត្រូវបានផ្តល់អាហាររូបករណ៍ ហើយបេក្ខជនអាច ទទួលបានអាហាររូបករណ៍ ពី ៣០% ៥០% ៧០% និង ១០០% តាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួន។
២. ការផ្តល់អាហារូបករណ៍ដល់សិស្សពូកែ
សាកលវិទ្យាល័យមេគង្គកម្ពុជាមានបាវចនាថាៈ គឺជាសាកលវិទ្យាល័យដែលយកចិត្តទុដាក់ពីតម្លៃនៃការ អប់រំ។ តាមរយៈ បាវចនានេះសាកលវិទ្យាល័យតែងតែធ្វើការយកចិត្តទុកដាក់ជានិច្ច លើការខិតខំប្រឹងប្រែង និង រៀនពូកែរបស់ សិស្ស និស្សិត សាកលវិទ្យាល័យបាននឹងកំពុង គាំទ្រដល់កម្មវិធីរបស់ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ លើកម្មវិធីប្រឡងសិស្សពូកែទូទាំង ប្រទេសដើម្បីលើកទឹកចិត្ត និង ផ្តល់កិត្តិយសដល់អ្នកប្រឹងប្រែងរៀន និង រៀនបានពូកែ ក្នុងគោលបំណង ទាក់ទាញឱ្យ សិស្ស និស្សិត និង មហាជន ដែលស្រលាញ់ការសិក្សាដើម្បីជាប្រយោជន៍ ដល់ការអប់រំនៅកម្ពុជា។
៣. កម្មវិធីផ្តល់អាហាររូបករណ៍ដល់គ្រូបង្រៀន និង បុគ្គលិកអប់រំ
ក្រៅពីការផ្តល់អាហារូបករណ៍ដល់ និស្សិតពូកែដើម្បី លើកទឹកចិត្ត សិស្ស និសិ្សត ធ្វើការខិតខំសិក្សា រៀនសូត្រសម្រាប់ ប្រយោជន៍នៃគុណភាពសិក្សា ។ សាកលវិទ្យាល័យមេគង្គកម្ពុជាក៏បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើ កត្តាគុណភាពគ្រូ បង្រៀននៅតាមវិទ្យាល័យ ព្រោះវាជាប្រភពធនធានដែលជួយធ្វើឱ្យនិស្សិតខ្មែរមានគុណភាពដើម្បី ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានេះជាមួយរាជរដ្ឋាភិបាលដូចជាក្រសួងអប់រំ សាកលវិទ្យាល័យមេគង្គកម្ពុជាបានផ្តល់អាហាររូបករណ៍ ៥០% ជូនលោកគ្រូ អ្នកគ្រូ និង បុគ្គលិក ក្នុងស្ថាប័នក្រសួងអប់រំទាំងអស់ដែលមានបំណងបន្តការសិក្សានៅ សាកលវិទ្យាល័យមេគង្គកម្ពុជា។
៤. ការចូលរៀនដោយបងថ្លៃតាមនិទ្ទេស
តាមរយៈពាក្យស្លោកថា អ្នករៀនបានកាន់តែច្រើន អ្នកចំណាយលុយកាន់តែតិច (the more you learn, the less you pay) និស្សិតរៀនទាំងអស់ដែលសិក្សាពេញម៉ោង សុទ្ធតែមានឱកាសទទួលបានអាហាររូបករណ៍ ពី ១៥% រហូតដល់ ៨៥% នៅពេលដែលពួកគេសិក្សាបានពិន្ទុមធ្យមភាគពី ៦៥% ទៅ ៨៥% ។ ផ្អែកលើគោលការណ៍ ទាំងនេះសាកលវិទ្យាល័យ ក៏បានផ្តល់អាហារូបករណ៍តាមនិទ្ទេស ដោយផ្តល់ការលើកទឹកចិត្តខ្ពស់សម្រាប់និស្សិត ដែលទទួលបាននិទ្ទេសល្អសម្រាប់ ជាប្រយោជន៍នៃការខិតខំប្រឹងប្រែង និង រៀនបានពូកែនិស្សិតដែលទទួលបាននិទ្ទេស កាន់តែល្អ នឹងទទួលបានការបង់ថ្លៃសិក្សា កាន់តែទាប ។
៥. ការចូលរៀនដោយបង់ពេញថ្លៃ
និស្សិតដែលពុំទទួលបានឱកាសខាងលើនៅពេលចូលរៀនដំបូង គឺត្រូវចូលរៀននៅ សាកលវិទ្យាល័យមេគង្គកម្ពុជាដោយការបង់ ពេញថ្លៃតែនិស្សិតទាំងនេះនៅពេលដែល ពួកគេធ្វើការខិតខំប្រឹងប្រែងសិក្សា រៀនសូត្រទទួលបានពិន្ទុមធ្យមភាគពី ៦៥% ឡើងទៅ ក៏មានឱកាស ទទួលបានអាហារូបករណ៍លើកទឹកចិត្ត ដូចនិស្សិតដទៃដែរ គឺពី ១៥% រហូតដល់ ៨៥% ។
គ. លក្ខខណ្ឌចូលរៀន
-និស្សិតត្រូវបំពេញបែបបទ (Application Form) របស់សាកលវិទ្យាល័យ ដោយភ្ជាប់មកជាមួយ រូបថត បរិញ្ញាបត្រ សៀវភៅគ្រួសារ និង ឯកសារចាំបាច់ផ្សេងៗ
-និស្សិតត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្រដែលមានតម្លៃស្មើ ដែលទទួល ស្គាល់ដោយមន្ទីរ ឬ ក្រសួងអប់រំ យុវជន និង កីឡា
-និស្សិតត្រូវឆ្លងកាត់ការធ្វើតេស្ត ភាសាអង់គ្លេសដើម្បីវាស់វែងកម្រិតយល់ដឹងលើ ផ្នែកភាសាអង់គ្លេស ដើម្បីងាយស្រួលដល់ការបែងចែកក្រុម និង ការបំប៉នផ្នែកភាសារអង់គ្លេស
-និស្សិតត្រូវចូលរួមថ្នាក់បំពាក់បំប៉ន ឬ តម្រង់ទិស (Orientation/Bridging Course ) ដើម្បីយល់ពីរបៀបសិក្សា នៅកម្រិតសាកលវិទ្យាល័យ ជាពិសេសលើកម្មវិធីសិក្សា និង ប្រព័ន្ធនៃការគ្រប់គ្រងរបស់សាកលវិទ្យាល័យមេគង្គកម្ពុជា ការស្វ័យសិក្សាជា មូលដ្ឋានចាំបាច់បំផុតសម្រាប់និស្សិតហើយក្នុងវគ្គនេះក៏មានណែនាំ ឱ្យនិស្សិតយល់ពី របៀបកត់ត្រា(Note taking) ការអាន (Reading) ការសរសេរ(Writing) ការស្តាប់ (listening) ការសង្ខេប (Summarizing) ) ការធ្វើបទបង្ហាញ (Presentation ពិភាក្សា(Discussion) កិច្ចសហការជាក្រុម (Group/Team working) និង របៀបបង្រៀន របស់គ្រូនិមួយៗ ដូចជាម៉ោងបង្រៀនបែបពិភាក្សា (Tutorial) ឬ ការបង្រៀន (Lecture) ដោយឱ្យនិស្សិត ប្រឹងប្រែងស្តាប់ និង កត់ត្រា ។ល។
-និស្សិតត្រូវបំពេញបែបបទសម្រាប់ការចុះឈ្មោះជ្រើសរើសមុខវិជ្ជា សម្រាប់ការចូររៀនក្នុងឆមាសរបស់ខ្លួន (Subject Enrollment) ។

|